Saturday, May 31, 2014

មន្ត្រី​យោធា​ខ្មែរ​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​មន្ត្រី​យោធា​អាមេរិក








    2011-08-29


    មន្ត្រី​ជាន់​ខ្ពស់​យោធា​កម្ពុជា បាន​ចែក​រំលែក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន ជូន​មេ​បញ្ជា​ការ​យោធា​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក ដែល​មក​បំពេញ​ទស្សនកិច្ច។



    មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​សំដែង​ការ​ពេញ​ចិត្ត​អំពី​លទ្ធផល​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេភាគី រវាង​មេ​បញ្ជា​ការ​ភូមិ​ភាគ​ទី​៤ កម្ពុជា និង​មេ​បញ្ជា​ការ​ភូមិភាគ​ទី​២ របស់​ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន សន្តិសុខ និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រួម​គ្នា នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។


    ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​នាយ​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ជា​មួយ​និង​ឧត្ដមសេនីយ៍​ត្រី រីឆាត ស៊ីមខក (Richard Simcock) ជា​នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍ នៃ​ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក នៅ​ឯ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១១។


    នាយ​ឧត្ដមសេនីយ៍ នាង ផាត ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​អន្តរ​ក្រសួង សម្របសម្រួល​ព័ត៌មាន​ឆាប់​រហ័ស​ពី​សមរភូមិ និង​សន្តិសុខ​ជាតិ បាន​មាន​ប្រសាសន៍​ថា ភាគី​យោធា​ថៃ និង​កម្ពុជា បាន​ឯកភាព​គ្នា​អនុវត្ត​តាម​សាលដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ)។ លោក​បន្ត​ថា ៖ "យើង​បាន​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ និង​បាន​ឯក​ភាព​គ្នា​ធ្វើ​ម៉េច​កសាង​តំបន់​ព្រំដែន​នេះ ជា​តំបន់​មាន​សន្តិភាព និង​ស្ថិរភាព និង​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា។ ក្រៅ​ពី​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯក​ភាព​ថា យើង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ ថ្ងៃ​ទី​១៨ ខែ​កក្កដា"


    លោក នាង ផាត បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា និង​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) នៅ​ខែ​កញ្ញា ឆ្នាំ​២០១១ នៅ​ក្នុង​ប្រទេស​កម្ពុជា​ខាង​មុខ​នេះ។


    ឧត្ដម​សេនីយ៍​ត្រី រីឆាត ស៊ីម​ខក មិន​បាន​មាន​ប្រសាសន៍​ចំៗ ទៅ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កន្លង​មក​នោះ​ទេ ប៉ុន្តែ​លោក​បាន​សំដែង​ការ​សាទរ​ចំពោះ​ប្រទេស​កម្ពុជា គ្រោង​ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។ លោក​បន្ត​ថា ៖ "ក្រសួង​ការ​ពារ​ជាតិ​សហ​រដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ផ្ដល់​ជំនួយ​នានា​តាម​សេចក្ដី​ត្រូវ​ការ​ដល់​ប្រទេស​កម្ពុជា"


    មេ​បញ្ជា​ការ​នៃ​យោធ​ភូមិ​ភាគ​ទី​៤ លោក ជា ម៉ន និង​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​២ លោក តាវ៉ាត់​ឆៃ សា​ម៉ុត​សា​ខន (Tawatchai Samutsakhon) បាន​បើក​កិច្ច​ប្រជុំ​ទ្វេភាគី​សំខាន់​មួយ នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១១ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​នគរ​រាជ​សីមា ប្រទេស​ថៃ​ផ្ដោត​លើ​ការ​ដក​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕


មន្ត្រី​ជលផល​​លែង​ត្រី​ប្រមាណ​៤​ម៉ឺន​ក្បាល​នៅ​បឹង​ធម្មជាតិ








    2011-08-30


    ក្រុម​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​ធ្វើ​ទិវា​លែង​​ត្រី​ទៅ​បឹង​ធម្មជាតិ​ប្រមាណ ៤​ម៉ឺន​ក្បាល និង​ដុត​កម្ទេច​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដែល​សមត្ថកិច្ច​ចាប់​បាន​ក្នុង​ពេល​កន្លង​មក។



    RFA/Mom Sophon


    មន្ត្រី​ជលផល​លែង​កូន​ត្រី​នៅ​បឹង​ធម្មជាតិ​ពណ្ណរាយ នៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។




    លោក ណៅ ធួក ប្រធាន​រដ្ឋបាល​ជលផល​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ក្នុង​ទិវា​មច្ឆា​ជាតិ​នេះ គឺ​ក្នុង​ន័យ​បង្កើន​ផល​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់។


    លោក​បន្ត​ថា ៖ «ប្រជាពលរដ្ឋ​យើង​កើត​យ៉ាង​ច្រើន​ដែល​តម្រូវ​ឲ្យ​យើង​មិន​អាច​ប្រើប្រាស់​ត្រី​ធម្មជាតិ​នេះ​គ្រប់​គ្រាន់​ទេ ចាំបាច់​ត្រូវ​តែ​លែង​នេះ​មួយ​ផ្នែក ហើយ​ចិញ្ចឹម​នេះ​មួយ​ផ្នែក​ទៀត ហើយ​ថ្មីៗ​នេះ​ឯកឧត្ដម លោក​ជំទាវ លោក​លោកស្រី ជ្រាប​ស្រាប់​ហើយ​ថា សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន លោក​សម្រេច​ចិត្ត​មួយ​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ផល​ត្រី​នៃ​ប្រទេស​កម្ពុជា​យើង​កើន​ឡើង​វិញ ជា​ពិសេស​បឹង​ទន្លេ​សាប​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ជង្រុក​ត្រី​នៅ​តំបន់​អាស៊ី។ លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្អាក​ឡូត៍​នេសាទ ដក​ឡូត៍​នេសាទ​រយៈពេល ៣​រដូវ​សិន»។ 


    ផល​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​រង​ការ​បំផ្លាញ​ដោយសារ​តែ​មាន​ជនល្មើស​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ដើម្បី​នេសាទ​ត្រី។ 


    មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​លែង​កូន​ត្រី និង​មេត្រី​ពូជ​ប្រមាណ ៤​ម៉ឺន​ក្បាល​ចូល​ទៅ​បឹង​ធម្មជាតិ​មួយ​ក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​សែនសុខ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១១។ 


    លោក ងឹន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១១ នេះ អាជ្ញាធរ​ចាប់​ឧបករណ៍​នេសាទ​លូ​ស្បៃ​មុង​បាន ២០០​មាត់ របាំង​ស្បៃ​មុង​បាន ៩.៣៥០​ម៉ែត្រ របាំង​ព្រួល ១.២០០​ម៉ែត្រ។


    អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ថ្លែង​សុំ​ឲ្យ​ជួយ​រក្សា​ត្រី​នៅ​ក្នុង​បឹង​ធម្មជាតិ​ដើម្បី​ទុក្ខ​ឲ្យ​ប្រជាពលរដ្ឋ​នេសាទ​ដោយ​ស្រប​ច្បាប់។


    លោក​បន្ត​ថា អាជ្ញាធរ​ប្រើ​វិធានការ​ខ្លាំង​ប្រសិន​បើ​ប្រជាពលរដ្ឋ​នៅ​តែ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នោះ ៖ «ហើយ​លែង​ទៅ​ដល់​ត្រី​ធំ​ធាត់​គ្មាន​អ្នក​ណា​ចាប់​ក្រៅ​ពី​បង​ប្អូន​នៅ​ទី​ហ្នឹង​ទេ។ ដូច្នេះ​បង​ប្អូន​ត្រូវ​ថែ គឺ​កុំ​ប្រើ​ឧបករណ៍​ដែល​យើង​និយាយ​អម្បាញ់​មិញ​អ៊ីចឹង ឆក់ ស្បៃ​មុង គឺ​ចង្រៃ​ណាស់ អស់​រលីង​តែ​ម្ដង និយាយ​រួម​គឺ​ពាយ​តែ​ម្ដង។ ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​ច្បាស់​ថា លើក​ទី​មួយ​យក​ឧបករណ៍​មក​ដុត លើក​ទី​ពីរ​គឺ​ចាប់​មនុស្ស​ហើយ»។ 


    នៅ​ក្នុង​ពិធី​មច្ឆា​ជាតិ​នោះ ក្រៅ​ពី​លែង​កូន​ត្រី និង​មេត្រី​ពូជ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ អាជ្ញាធរ​ក៏​បាន​ដុត​កម្ទេច​ចោល​ឧបករណ៍​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ដូច​ជា​ស្បៃ​មុង និង​ឧបករណ៍​ឆក់​ត្រី​ជា​ដើម ដែល​អាជ្ញាធរ​ចាប់​បាន​កាល​ពី​ពេល​កន្លង​មក​នោះ។ 


    លោក ស៊ឹម ស៊ីន ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​នៅ​បឹង​ពណ្ណរាយ បាន​ថ្លែង​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បង្ក្រាប​បទ​ល្មើស​នេសាទ ហើយ​មាន​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ផង​នោះ​គឺ​ផល​ត្រី​បាន​កើន​ឡើង​ជាង​ពេល​កន្លង​មក ៖ «តាំង​ពី​គាត់​លែង​​មក​គឺ​ថា វា​កើន​បន្តិច​ដែរ ហើយ​តាំង​ពី​សហគមន៍​នេះ​គេ​ចុះ​ចាប់​ចុះ​អ៊ីចឹង​ទៅ​ពួក​អ្នក​ឆក់​ហ្នឹង​ណា នេះ​វា​បាន​ត្រី​ច្រើន​ដែរ។ បាទ! មួយ​យប់​បាន ៣ ឬ ៤ ឬ ៥​គីឡូ​ក្រាម​ដែរ ពី​មុន​មក​អត់​បាន​ប៉ុណ្ណឹង​ទេ គឺ​ឆក់​ច្រើន​ពេក។ ខ្ញុំ​ថា អាច​កើន​ជាង​មុន​ទៅ​ទៀត​ពី ៥​គីឡូ អី​ទៅ ១០​គីឡូ​ទៅ ខ្ញុំ​សង្ឃឹម​អ៊ីចឹង»


    មន្ត្រី​ជំនាញ​បាន​ប៉ាន់​ប្រមាណ​ថា ផល​ត្រី​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ នឹង​កើន​ឡើង ដោយ​សារ​តែ​ឡូត៍​នេសាទ​មួយ​ចំនួន​បាន​បិទ និង​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​បាន​ច្រើន​ផង​នោះ៕


តំណាង​សហគមន៍​ការពារ​ព្រៃឈើ​៤​ខេត្ត​ជួប​ប្រជុំ​សម្ដែង​កង្វល់








    2011-08-31


    តំណាង​សហគមន៍​ការពារ​ព្រៃឈើ ដីធ្លី និង​ការពារ​ផល​នេសាទ​មក​ពី​ខេត្ត​ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាង ៥០​នាក់ បាន​មក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សណ្ឋាគារ​ក្នុង​ទី​រួម​ខេត្ត​បាត់ដំបង អស់​រយៈពេល​បី​ថ្ងៃ​ហើយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៩ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១១ នេះ ដោយ​បាន​នាំ​គ្នា​ពិភាក្សា​គ្នា​លើ​បញ្ហា​ផ្សេងៗ​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​នៅ​តាម​សហគមន៍។



    លោកស្រី អឿន សារីម តំណាង​សហគមន៍​មក​ពី​តំបន់​បឹងប្រាំ ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៣១ ខែ​សីហា ថា កង្វល់​ធំៗ​ចំនួន​បី​ចំណុច​ដែល​បញ្ហា​ទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​បទល្មើស​នេសាទ និង​ការ​បាត់បង់​ធនធាន​ព្រៃឈើ។ 


    លោកស្រី​បន្ត​ដូច្នេះ ៖ «បើ​និយាយ​ទៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​កម្ពុជា យើង​ជួប​ប្រទះ គឺ​បញ្ហា​ដីធ្លី​ព្រៃ​ឈើ នេសាទ អ៊ីចឹង​នៅ​ក្នុង​ហ្នឹង សហគមន៍​នីមួយៗ​ដែល​ជួប​ប្រទះ​បញ្ហា​ហ្នឹង​តាម​តំបន់​នីមួយៗ គេ​ចែក​ចេញ​ជា​ប្រាំ​តំបន់ ដោយ​ឡែក​យើង​នេះ​មាន​បួន​ខេត្ត ដោយសារ​គាត់​រង​ផល​ប៉ះពាល់​ទាក់ទង​បញ្ហា​ដីធ្លី​ព្រៃឈើ នេសាទ»


    លោក ម៉េង ប៊ុនរឿន មក​ពី​ភូមិ​ក្បាលទាហាន ឃុំ​ឈើតុម ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ៖ «ដោយសារ​តែ​សម្បទាន​ច្រើន​លើសលប់​ពេក​មាន​រហូត​ទៅ​ដល់ ១៣៩ .៨៦៣​ហិកតារ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដល់​ពេល​ច្រើន​លើសលប់​ធ្វើ​ឲ្យ​ប៉ះពាល់​មុខ​របរ​ប្រជាពលរដ្ឋ​ជា​សំខាន់ គឺ​ប៉ះពាល់​បរិស្ថាន​យ៉ាង​ខ្លាំង​ដល់​ថ្ងៃ​អនាគត»


    ចំណែក​ឯ​លោកស្រី នូ ឡេង មក​ពី​ភូមិ​សន្តិភាព ឃុំ​ទួលពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​មើល​ស្ថាប័ន​តុលាការ ដែល​លោកស្រី​ចោទ​ថា បាន​ប្រែ​ក្លាយ​សំណុំ​រឿង​ទំនាស់​ដីធ្លី​ជា​បទល្មើស​ផ្សេងៗ ដើម្បី​ចាប់​មនុស្ស​ឃុំ​ខ្លួន ៖ «សុំ​ផ្សព្វផ្សាយ​ឲ្យ​ទៅ​ដល់​រដ្ឋាភិបាល​ឲ្យ​គាត់​ជួយ​រក​ខុស​ត្រូវ ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ផង។ បញ្ហា​កើត​ឡើង​រឿង​ដី ដល់​ពេល​ចាប់​គ្នា​មក​គឺ​ក្លាយ​ទៅ​ប៉ុនប៉ង​មនុស្ស​ឃាត សុទ្ធ​តែ​ប្លន់ សូម​កុំ​ឲ្យ​មាន​អា​ក្បាច់​ហ្នឹង​អី លោក​តុលាការ!»


    ប្រធាន​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក បាន​មាន​ប្រសាសន៍​គាំទ្រ​ចំពោះ​ការ​ទាមទារ​របស់​ប្រជា​សហគមន៍​នៅ​ក្នុង​ខេត្ត​ទាំង​បួន នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។


    លោក​បាន​សង្កត់​ធ្ងន់​ថា ករណី​ដីធ្លី ព្រៃឈើ និង​បទល្មើស​នេសាទ​នៅ​តែ​មាន​ឡើង​នៅ​តាម​បណ្ដាល​សហគមន៍​ទាំង​នោះ​ដដែល ៖ «បញ្ហា​មួយ​ចំនួន​យើង​បាន​ដោះស្រាយ​បណ្តើរៗ ប៉ុន្តែ​វា​អត់​បាន​ទទួល​លទ្ធផល​អី​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ សមត្ថកិច្ច និង​អាជ្ញាធរ​គាត់​ដោះ អ៊ីចឹង​កន្លែង​ខ្លះ​នៅ​មិន​ទាន់​មាន​ដំណើរការ​តែម្ដង។ អ៊ីចឹង​យើង​ក្នុង​នាម​អង្គការ​លីកាដូ ខ្ញុំ​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​ទាំង ៤​ខេត្ត ក៏​ដូចជា​សមត្ថកិច្ច​សុំ​ជួយ​ដោះស្រាយ​សហគមន៍​ដែល​គាត់​មាន​កង្វល់»


    អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ប្រសិន​បើ​រាជរដ្ឋាភិបាល​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើក​ឡើង​នៅ​តាម​សហគមន៍​ នៅ​តាម​បណ្តា​ខេត្ត​ទាំង​នោះ​ទេ បញ្ហា​នៅ​តែ​កើត​មាន​បន្ត​មិន​ចេះ​ចប់ ដែល​អាច​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កើន​ឡើង ហើយ​ប្រជាពលរដ្ឋ​អាច​នឹង​មាន​ងើប​ឡើង​ប្រឆាំង​ជំទាស់ ដែល​នាំ​ទៅ​រក​ការ​រាំង​ស្ទះ​ដល់​ផែន​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថែម​ទៀត៕


ទូត​អាមេរិក​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ចាម








    2011-08-28


    ខែ​រ៉ម៉ាឌន ហៅ​ជា​ភាសា​អារ៉ាប មាន​ន័យ​ថា​ខែ​បួស ជា​ខែ​មួយ​ដ៏​វិសេស​វិសាល​ចំពោះ​អ្នក​មាន​ជំនឿ​លើ​សាសនា​ឥស្លាម។



    RFA/Tin Zakariya


    ជន​ជាតិ​ចាម​ចូល​រួម​ពិធី​ស្រាយ​បួស​នៅ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នា​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ សីហា ២០១១




    ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ មាន​ភាព​អ៊ូអរ​ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា ដោយ​សារ​គេ​បាន​រៀប​ចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​យុវជន​ជន​ជាតិ​ចាម ប្រមាណ​១៥០​នាក់ ក្នុង​គោល​បំណង​ស្វែង​យល់​អំពី​អ្នក​មាន​ជំនឿ​សាសនា​ផ្សេង​គ្នា និង​បង្ហាញ​ពី​ភាព​មិន​រើសអើង​គ្នា​ទៅ​វិញ​ទៅ​មក។


    ការ​រៀបចំ​កម្មវិធី​ស្រាយ​បួស​នេះ ជា​លើក​ទី​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១១ បន្ទាប់​ពី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក បាន​រៀបចំ​កម្មវិធី​ស្រាយ​បួស​ឲ្យ​សាសនិក​ឥស្លាម​នៅ​ខេត្ត​កំពត ប្រមាណ​២០០​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ សីហា។


    ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី ខារ៉ូល រ៉តលី (Carol A. Rodley) មាន​ប្រសាសន៍​ថា ការ​រៀបចំ​ពិធី​ស្រាយ​បួស​ឲ្យ​អ្នក​កាន់​សាសនា​ឥស្លាម​នេះ ជា​គោល​នយោបាយ​ទូទៅ​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ជុំវិញ​ពិភព​លោក ដើម្បី​ពង្រីក​ទំនាក់​ទំនង​ផ្នែក​សាសនា​ជា​មួយ​សាសនា​ដទៃ​ទៀត ៖ "ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង ហើយ​អាច​ធ្វើ​ការ​ដើម្បី​ឲ្យ​មិត្តភាព​របស់​យើង​មាន​ភាព​ស្និទ្ធស្នាល​ថែម​ទៀត។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជួប​មនុស្ស​ថ្មីៗ ហើយ​ឮ​គំនិត​ថ្មីៗ ស្ដីពី​វិធី​ដែល​ស្ថាន​ទូត​អាមេរិក និង​សហគមន៍​ឥស្លាម​កម្ពុជា​អាច​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​កសាង​អនាគត​ល្អ​ប្រសើរ​មួយ"


    ស្ដាប់​សេចក្ដី​រាយការណ៍​បន្ថែម៖


ប្រទេស​កម្ពុជា​នឹង​​មាន​ធាតុអាកាស​មិន​ល្អ​រហូត​ដល់​ថ្ងៃ​ទី​៣១​សីហា








    2011-08-28


    ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កែប លោក ហៀង ម៉េង ថ្លែង​ថា ធាតុអាកាស​នៅ​ខេត្ត​កែប កំពុង​អ័ព្ភ​អួ​ដោយ​សា​ភ្លៀង​ធ្លាក់​ជាប់​រហូត គ្មាន​ថ្ងៃ​រះ ចាប់​តាំង​ពី​ម៉ោង ៨ យប់ ថ្ងៃ​ទី ២៧ រហូត​​មក​ដល់​យប់​ថ្ងៃ​ទី ២៨ ខែ​សីហា ឆ្នាំ ២០១១។



    RFA/Khe Sonorng


    ១៤-កក្កដា-២០១១៖ ស្ពាន​ឆ្លង​ទៅ​កោះ​ពស់ នៅ​ខេត្ត​ព្រះសីហនុ ថត​ពេល​ជិត​ភ្លៀង។




    លោក ហៀង ម៉េង បន្ត​ថា នៅ​ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់​បោក​ខ្លាំង ហើយ​មិន​មាន​ទូក​ណា​មួយ​ចេញ​ទៅ​លំហ​សមុទ្រ​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៦ មក។
    សំឡេង៖ «ពួក​ដឹក​ភ្ញៀវ​ទៅ​កោះ​ទន្សាយ​អី​ហ្នឹង អត់​ឱ្យ​ដឹក​ទេ ហើយ​អ្នក​នេសាទ​ហ្នឹង យើង​បាន​ប្រាប់​ភូមិ ឃុំ ក្រុង​ស្រុក ឱ្យ​ផ្សព្វផ្សាយ​បន្ត។ ផែ​ដែល​គេ​ចុះ​ទូក​អី​ហ្នឹង ខាង​មន្ទីរ​បាន​យក​លិខិត​ជូន​ដំណឹង​តាំង​ពី​ថ្ងៃ ២៦ ឯ​ណោះ»។


    នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជា​ថ្មី​ថា ប្រ​ទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​អាកាសធាតុ​ប្រព័ន្ធ​សម្ពាធ​ទាប។


    ក្នុង​លក្ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​បែប​នេះ នៅ​តំបន់​មាត់​សមុទ្រ មាន​សីតុណ្ហភាព​ពី ២០ ទៅ ៣០ អង្សា​សេ។ ផ្ទៃ​មេឃ​មាន​ពពក​ច្រើន។ ខ្យល់​បក់​ពី​ទិស​និរតី​ក្នុង​ល្បឿន​ពី ២ ទៅ ៤ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​អាច​មាន​ភ្លៀង ផ្គរ រន្ទះ​ច្រើន​នៅ​គ្រប់​ទី​កន្លែង ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី ១ ម៉ែត្រ​ទៅ ១ ម៉ែត្រ​កន្លះ។


    ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​មួយ​រូប លោក ចាន់ មុនី បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ភ្លៀង​ធ្លាក់​ជាប់​ពេញ​មួយ​ថ្ងៃ​ដូច​ខេត្ត​កែប​ដែរ។ ក៏​ប៉ុន្តែ មិន​មាន​ខ្យល់​បក់​បោក​ខ្លាំង​ទេ។


    សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី ២៨ ដដែល បាន​ព្យាករ​ថា អាកាសធាតុ​ប្រព័ន្ធ​សម្ពាធ​ទាប​បែប​នេះ នឹង​អូស​បន្លាយ​ចាប់​ពី​ថ្ងៃ​ទី ២៨ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​សីហា ឆ្នាំ ២០១១។


    នៅ​វាល​ទំនាប​នៃ​ប្រទេស​កម្ពុជា នឹង​មាន​ខ្យល់​បក់​ពី​ទិស​និរតី​ក្នុង​ល្បឿន​ពី ២ ទៅ ៤ ម៉ែត្រ​ក្នុង​មួយ​វិនាទី និង​អាច​មាន​ភ្លៀង ផ្គរ រន្ទះ ពី​មធ្យម​ទៅ​ច្រើន​នៅ​គ្រប់​ទី​កន្លែង។


    នៅ​តំបន់​ខ្ពង់រាប​វិញ ជា​ពិសេស​នៅ​ខេត្ត​កំពង់ចាម ក្រចេះ  និង​ស្ទឹង​ត្រែង ​នឹង​មាន​ភ្លៀង ផ្គរ រន្ទះ​ពី​តិច​ទៅ​មធ្យម។


    លោក ហៀង ម៉េង បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្ត​កែប​នៅ​មិន​ទាន់​របាយ​ការ​ណា​មួយ និយាយ​អំពី​ការ​គ្រោះថ្នាក់​ដោយ​សា​អាកាសធាតុ​អ័ព្ភ​អួ​នេះ​ទេ៖ «អ៊ីចឹង​វា​អត់​ប៉ះពាល់​ទេ គ្រាន់​តែ​ភ្លៀង​អត់​បើក​ថ្ងៃ​សោះ ងងឹត​ស្លុប​រហូត»។


    កាល​ពី​ថ្ងៃ​ទី ២៦ សីហា រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គាន​ហោ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង និង​អំពាវនាវ​ពលរដ្ឋ ដែល​នៅ​តាម​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ខេត្ត​កណ្ដាល ក្រុង​ព្រះសីហនុ​ ជា​ពិសេស ប្រជា​ពលរដ្ឋ​ជា​អ្នក​នេសាទ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ ដែល​មាន​ជា​យថាហេតុ៕


ពល​រដ្ឋ​បារម្ភ​អំពី​សកម្មភាព​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ








    2011-08-29


    ទោះបី​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​ក៏​ដោយ ក៏​សកម្មភាព​បូម​ខ្សាច់​នៅ​តែ​មាន​បន្ត។



    ការ​បូម​ខ្សាច់​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​ហើយ បាន​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ដែល​រស់​នៅ​តាម​ដង​ព្រែក​តាតៃ ក្នុង​ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង រង​នូវ​ផល​ប៉ះពាល់​ទាំង​ផ្នែក​ជីវភាព​និង​បរិស្ថាន​ធម្មជាតិ។


    ផល​ប៉ះពាល់​ផ្នែក​ជីវភាព​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​គឺ​ការ​ធ្វើ​ឲ្យ​បាក់​ច្រាំង​ដី​ចម្ការ​និង​ភូមិម្ករ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ព្រែក ការ​ធ្វើ​ថមថយ​នូវ​ធនធាន​មច្ឆាជាតិ និង​ការ​រំខាន​ផ្សេង​ៗ​ទៀត។


    ស្ត្រី​វ័យ ៦៥​ឆ្នាំ​រស់​នៅ​ភូមិ​អន្លង់​វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង ខេត្ត​កោះកុង អ្នកស្រី ឡែម លី បាន​ឲ្យ​ដឹង​ថា តាំង​ពី​មាន​សាឡង់​ធំ​ៗ​ចូល​មក​បូម ជីក​កកាយ​និង​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ក្នុង​ព្រែក​នា​ភូមិ​របស់​អ្នកស្រី អ្នកស្រី​មាន​ក្ដី​កង្វល់​ជា​រៀង​រហូត​មក។


    ក្រៅ​ពី​ក្ដី​បារម្ភ​អំពី​ការ​បាក់​ដី​ភូមិ​និង​ចម្ការ អ្នកស្រី ឡែម លី បន្ថែម​ថា ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដែល​ក្រុម​គ្រួសារ​របស់​គាត់​និង​ប្រជា​ពល​រដ្ឋ​ដទៃ​ទៀត​ធ្លាប់​តែ​ធ្វើ​បាន​កាល​ពី​ពេល​កន្លង​ទៅ ឥឡូវ​នេះ​លែង​ជា​អំណោយ​ផល​សម្រាប់​ពួក​គាត់​តទៅ​ទៀត​ហើយ។


    ដូច​គ្នា​នេះ​ដែរ បុរស​អាយុ ៦៩​ឆ្នាំ លោក ពូក សុខ ថ្លែង​ថា ការ​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​បាន​រំខាន​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​អ្នក​ភូមិ​អន្លង់​វ៉ាក់ រាប់​ទាំង​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​តាម​ទឹក​របស់​ប្រជាពលរដ្ឋ​និង​សិស្ស​សាលា។


    លេខា​គ្រប់គ្រង​ការិយាល័យ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម លោក ជា ម៉ានិត ថ្លែង​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ​ប្រតិភូ​របស់​រាជ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​ចុះ​ត្រួត​ពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ ហើយ​បាន​ប្រគល់​ជូន​លោក​នូវ​ឯកសារ​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ការ​បូម​និង​ជីក​កកាយ​ខ្សាច់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ប៉ែក​កណ្ដាល​នៃ​ព្រែក​គឺ​នៅ​ចម្ងាយ ១៥០​ម៉ែត្រ​ពី​មាត់​ព្រែក​ទាំង​សងខាង ហើយ​ឲ្យ​បូម​ជម្រៅ​ពី ២ ទៅ ៤​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​បូម​ដែល​បាន​ធ្វើ​កន្លង​ទៅ​មិន​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ​ផ្នែក​បច្ចេកទេស​ឡើយ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​បូម​និង​ជីក​កកាយ​នៅ​តំបន់​ហាម​ឃាត់​ទៀត​ផង។


    លោក ជា ម៉ានិត បន្ថែម​ថា សាឡង់​បូម​ខ្សាច់​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន ភាគ​ច្រើន​ជា​សាឡង់​នៅ​ក្រោម​ឱវាទ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហា​អាញ់ (Hà Anh) ហើយ​នៅ​លើ​សាឡង់​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​ជាច្រើន​មាន​ដាក់​ស្លាក​ឈ្មោះ​ជា​អក្សរ​វៀតណាម​ថា វីហាយ (Vi Hài) ក្រៅ​ពី​នោះ​ជា​សាឡង់​របស់​ក្រុម​ចិន ដែល​ក្រុមហ៊ុន​ទាំង​នេះ​ទទួល​ទិញ​អាជ្ញាប័ណ្ណ​បន្ត​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ អិល.វ៉ាយ.ភី គ្រូប (L.Y.P Group)។


    លោក ជា ម៉ានិត បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ព្រែក​តាតៃ គឺ​ជា​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​សិង្ហបុរី ដោយ​ក្នុង​ខ្សាច់ ១​ម៉ែត្រ​ត្រី​គុណ ក្រុមហ៊ុន​ត្រូវ​បង់​ជូន​រដ្ឋ​ចំនួន ៤០០​រៀល។


    នៅ​ក្នុង​ពិធី​អបអរ​សាទរ​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្ទ​ស្អាត​បំផុត​លើ​ពិភពលោក និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​អនុវត្ត​បន្ត នៅ​ឯ​សណ្ឋាគារ​ឯករាជ្យ នា​ក្រុង​ព្រះ​សីហនុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១១ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​សម្ដែង​កង្វល់​ទាក់ទង​នឹង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ដែរ។


    លេខា​គ្រប់គ្រង​ការិយាល័យ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​តាតៃ​ក្រោម លោក ជា ម៉ានិត បញ្ជាក់​បន្ថែម​ថា សកម្មភាព​បូម​និង​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ព្រែក​តាតៃ​បន្ត​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​សាឡង់​ដឹក​ខ្សាច់​បាន​បុក​សសរ​ស្ពាន​តាតៃ​ចំនួន​ពីរ​ហើយ​គឺ​សាឡង់​របស់​ក្រុមហ៊ុន​ចិន​បុក​មួយ​លើក​និង​សាឡង់​របស់​ក្រុមហ៊ុន​វៀតណាម​បុក​មួយ​លើក ។ លោក ជា មានិត បន្ត​ថា ក្រៅ​ពី​ការ​បូម​ខ្សាច់​ដោយ​សាឡង់​ធំ​ៗ នៅ​មាន​ការ​បូម​ខ្សាច់​ដោយ​ទូក​តូច​ៗ​នៅ​ក្បែរ​ស្ពាន​តាតៃ​ជា​ទី​ប្រជុំ​ជន​ឃុំ​តាតៃ​ទៀត ដែល​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍​ធម្មជាតិ៕


    រូបភាព​មួយ​ចំនួន៖



    តាតៃ២


    ព្រែក​តាតៃ​នៅ​ខេត្ត​កោះកុង (RFA/Oun Chhin)




    តាតៃ៣


    ទូក​ដឹក​ខ្សាច់ (RFA/Oun Chhin)




    តាតៃ៤


    សកម្មភាព​បូម​ខ្សាច់ (RFA/Oun Chhin)






    តាតៃ៥





សាលាក្ដី​ខ្មែរក្រហម ធ្វើ​សវនាការ​ពិនិត្យ​ស្មារតី​ជន​ជាប់ចោទ​ពីរ​រូប








    2011-08-29


    សាលាក្ដី​ខ្មែរក្រហម បាន​បើក​សវនាការ​មួយ នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា​ ដើម្បី​ពិនិត្យ​កាយ​សម្បទា និង​ស្មារតី​របស់​ជន​ជាប់ចោទ​ពីរ​រូប​នៅ​​ក្នុង​សំណុំ​រឿង​លេខ ០០២ គឺ​លោក នួន ជា និង​លោក​ស្រី អៀង ធីរិទ្ធ។ សវនាការ​នេះ គេ​អាច​ចាត់​ទុក​បាន​ថា ជា​ការ​ត្រួសត្រាយ​ផ្លូវ​មួយ មុននឹង​ឈាន​ទៅ​ជំនុំជម្រះ​លើ​អង្គសេចក្ដី​ទាំង​មូល។



    RFA/Leng Maly


    ២៩-សីហា-២០១១៖ វេជ្ជបណ្ឌិត John Cambell អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​មនុស្ស​ចាស់​ បំភ្លឺ​​​​ជូន​អង្គ​​សវនាការ ​​សាលាក្ដី​ខ្មែរក្រហម។




    នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា​ អង្គ​ជំនុំ​ជម្រះ​បាន​ពិភាក្សា និង​ជជែក​ដេញដោល​ទៅ​លើ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​មួយ​រូប គឺ​លោក John Cambell ជា​អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​មនុស្ស ដែល​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម អញ្ជើញ​ឱ្យ​លោក​មក​ជួយ​បំភ្លឺ​នៅ​ក្នុង​សវនាការ ទាក់ទង​ទៅ​នឹង​សុខភាព​របស់​ជន​ជាប់​ចោទ​ពីរ​រូប គឺ​លោក នួន ជា និង​លោក អៀង ធីរិទ្ធ ដែល​បច្ចុប្បន្ន​មាន​វ័យ ៧៩ ឆ្នាំ​ហើយ។


    តាម​ការ​សវនាការ​ដែល​ធ្វើ​ឡើង​កាល​ពី​វេលា​ព្រឹក យើង​ឃើញ​ថា ជនជាប់ចោទ​បាន​ចូលរួម​នៅ​ក្នុង​សវនាការ​នេះ ទាំង​លោក​ស្រី អៀង ធីរិទ្ធ និង​លោក នួន ជា។ ក៏​ប៉ុន្តែ នៅ​វគ្គ​បន្ទាប់​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​សុំ​ដក​ខ្លួន​ទៅ​បន្ទប់​រង់​វិញ ដោយ​សារ​ពួក​គាត់​លើក​ឡើង​អំពី​​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ទ្រាំ​ស្ដាប់ និង​ចូលរួម​ក្នុង​សវនាការ​នេះ​បាន។


    លោក​ស្រី អៀង ធីរិទ្ធ បាន​លើក​ឡើង​បញ្ហា​ឈឺ​ចាប់​ឆ្អឹង​របស់​គាត់ និង​ឈឺ​ក្បាល ដែល​គាត់​ត្រូវ​សុំ​អនុញ្ញាត​ពី អង្គ​ជំនុំ​ជម្រះ ដើម្បី​វិល​ត្រឡប់​បន្ទប់​ឃុំឃាំង​របស់​គាត់​វិញ។


    លោក នួន ជា បាន​លើក​ឡើង​អំពី​បញ្ហា​សុខភាព​របស់​គាត់ ដែល​មាន​ភាព​ជរា​ទ្រុឌទ្រោម​ច្រើន ហើយ​បញ្ហា​សំខាន់​នោះ គឺ​គាត់​បាន​លើក​ឡើង​ថា គាត់​មិន​អាច​ផ្ចង់​អារម្មណ៍​ស្ដាប់​សវនាការ​បាន​យូរ​ទេ។ គាត់​បាន​លើក​ហេតុ​ថា គាត់​អាច​អង្គុយ​អាន ស្ដាប់ បាន​តែ​រយៈ​ពេល​ដំបូង​មួយ​ម៉ោង ទៅ​មួយ​ម៉ោង​កន្លះ​ទេ។ បន្ទាប់​ពី​នេះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ភ្នែក​របស់​គាត់ ធ្វើ​ឱ្យ​ស្រវាំង ហើយ​វា​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល​របស់​គាត់ ធ្វើ​ឱ្យ​បេះដូង​របស់​គាត់​ដើរ​ញាប់​ខ្លាំង ដែល​ពេល​នោះ​ធ្វើ​សម្ពាធ​ឈាម​គាត់​ឡើង​ខ្ពស់ ហើយ​បន្ទាប់​មក​ចង្កេះ​របស់​គាត់​ចាប់​ផ្ដើម​ឈឺ​ចុកចាប់ ធ្វើ​ឱ្យ​លំបាក​អង្គុយ រហូត​អង្គុយ​លែង​បាន។ គាត់​ថា បើ​ទោះ​ជា​បង្ខំ​ឱ្យ​អង្គុយ ឬ​ដេក​ស្ដាប់​បន្ត​ទៅ​ទៀត ក៏​មិន​អាច​យល់​បាន​ដែរ។


    បាន​ន័យ​ថា បន្ទាប់​ពី​មាន​បញ្ហា​នេះ គឺ​គាត់​មិន​អាច​ផ្ចង់​អារម្មណ៍ និង​ស្ដាប់​បាន​ទៀត​ទេ។ ត្រង់​នេះ​ហើយ​បាន​ជា​គាត់​សុំ​អនុញ្ញាត​ឱ្យ​អង្គ​ជំនុំ​ជម្រះ​អនុញ្ញាត​ឱ្យ​ទៅ​បន្ទប់​រង់ចាំ ដែល​មាន​ប្រព័ន្ធ​រូប និង​សំឡេង​បញ្ជូន​មក​សវនាការ ដែល​អាច​ទាក់ទង​គ្នា​បាន​វិញ។


    មុន​នឹង​បញ្ចប់​ការ​ថ្លែង​របស់​គាត់ លោក នួន ជា ស្នើសុំ​ឱ្យ​តុលាការ​ចាត់​អ្នក​ជំនាញ​ម្នាក់​ទៀត ឬ​រួម​ជាមួយ​វេជ្ជបណ្ឌិត Cambell ដដែល ដើម្បី​ពិនិត្យ​បញ្ហា​ផ្ចង់​អារម្មណ៍​របស់​គាត់។


    នេះ​គឺ​ទាក់ទង​នឹង​ករណី​របស់​លោក នួន ជា។


    ចំពោះ​ករណី​របស់​លោក​ស្រី អៀង ធីរិទ្ធ វិញ គាត់​មាន​បញ្ហា​ឈឺ​ក្បាល និង​ឈឺ​ជើង ដែល​ធ្វើ​ឱ្យ​គាត់​មិន​អាច​ចូលរួម​សវនាការ​បាន​តទៅ​ទៀត ហើយ​សុំ​អនុញ្ញាត​ពី​អង្គ​ជំនុំ​ជម្រះ​ឱ្យ​គាត់​បាន​ទៅ​បន្ទប់​ឃុំឃាំង​វិញ។


    ការ​សុំ​របស់លោក​ស្រី អៀង ធីរិទ្ធ បាន​ធ្វើ​ឡើង​មួយ​លើក​ជា​ពីរ​លើក។ ក៏​ប៉ុន្តែ អង្គ​ជំនុំ​ជម្រះ​សម្រេច​បដិសេធ​សំណើ​របស់​មេធាវី​របស់​លោក​ស្រី អៀង ធីរិទ្ធ ហើយ​បង្គាប់​ឱ្យ​លោក​ស្រី អៀង ធីរិទ្ធ ទៅ​ចូលរួម​បន្ទប់​ខាង​ក្រោម​សាល​សវនាការ ដែល​មាន​ប្រព័ន្ធ​សំឡេង និង​រូប​បញ្ជូន​ទៅ​មក ដូច​ករណី​របស់​លោក នួន ជា ដែរ។


    នៅ​ក្នុង​ការ​ជជែក​ដេញដោល​អំពី​សុខភាព​របស់​លោកស្រី អៀង ធីរិទ្ធ លោក John Cambell បាន​បញ្ជាក់​ថា គាត់​មាន​បញ្ហា​ចុះ​ខ្សោយ​ផ្នែក​បញ្ញា​ស្មារតី គឺ​ដោយសារ​គាត់​មាន​ការ​ភ្លេចភ្លាំង​ទៅ​តាម​វ័យ​របស់​គាត់​ផង។ គាត់​សព្វថ្ងៃ​នេះ គឺ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​របស់​ជា​យូរ​មក​ហើយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​គាត់ ហើយ​គាត់​កំពុង​តែ​ទទួល​ទាន​ថ្នាំ ដើម្បី​ថែទាំ​សុខភាព​របស់​គាត់។ ថ្នាំ​ខ្លះ​ក៏​ប៉ះពាល់​សុខភាព​របស់​គាត់​ដែរ។ ក៏​ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា មិន​មាន​អ្វី​ក្រៅ​ពី​បន្ត​ឱ្យ​គាត់​លេប​ថ្នាំ​ទេ លើក​លែង​តែ​ការ​កាត់​បន្ថយ​បន្តិច​ម្ដងៗ។


    នៅ​ពេល​មុន​បញ្ចប់​សវនាការ​នេះ មេធាវី​របស់​លោក​ស្រី អៀង ធីរិទ្ធ ក៏​បាន​ស្នសុំ​ម្ដង​ទៀត​ទៅ​អង្គ​ជំនុំជម្រះ សម្រាប់​ថ្ងៃ​ស្អែក ដើម្បី​ឱ្យ​កូន​ក្ដី​របស់​គាត់ គឺ​លោក​ស្រី អៀង ធីរិទ្ធ បាន​នៅ​បន្ទប់​មន្ទីរ​ឃុំឃាំង ដោយ​មិន​បាច់​ចូលរួម​ផ្ទាល់​នៅ​ក្នុង​សាល​សវនាការ។


    ដូច​កាល​មុនៗ ដែរ ត្រូវ​អង្គ​ជំនុំ​ជម្រះ​សម្រេច​បដិសេធ ហើយ​បង្គាប់​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​ជន​ជាប់ចោទ អៀង ធីរិទ្ធ និង​លោក នួន ជា មក​ចូល​រួម​សវនាការ​ជា​បន្ត​ទៀត នៅ​វេលា​ថ្ងៃ​ស្អែក ហើយ​បើ​មាន​ស្ថានភាព​យ៉ាង​ណា​នោះ អង្គ​សវនាការ​នឹង​វាយ​តម្លៃ​តាម​សភាព​ការណ៍​ជាក់​ស្ដែង៕


Older Posts Home